រលូតកូន មកពីអ្វី?

Posted by Email:knewdaynews@yahoo.com Monday, July 16, 2012


ថ្ងៃទី​ 12 ខែកក្កដា ឆ្នាំ2012, ម៉ោង 10:58 AM ​ប្រែសម្រួល : វណ្ណារី ទេពប្រណម្យ
1

បញ្ហា​ធ្លាក់​ឈាម ក្នុង​ពេល​មាន​ផ្ទៃ​ពោះ គឺ​ជា​សញ្ញាណ បញ្ជាក់​នូវ​ការ​រលូត​កូន ដែល​ជា​រឿង​គួរ​បារម្ភ របស់​ស្ត្រី​មាន​ផ្ទៃពោះ។ ប៉ុន្តែ មិន​គ្រប់​ករណី​​ទាំងអស់​ទេ ក៏​មាន ករណី​ខ្លះ នៅ​អាច​រក្សា​គភ៌ ឱ្យ​នៅ​គង់​វង្ស​បាន...។
+ លក្ខណៈទូទៅ៖
ការរលូតកូន (Abortion) សំដៅ​ដល់​ការបញ្ចប់ ការមានគភ៌ មុន​ពេល​កំណត់​ដែលទារក ត្រូវ​សម្រាល ហើយ​អាចចិញ្ចឹមឱ្យ​រស់​រាន​មានជីវិត​បាន។ នៅតាម ប្រទេស​​នីមួយ​ៗ មាន​ក្រឹត្យក្រមការវិនិច្ឆ័យសភាពរលូតកូន មិនដូចគ្នា តែក្រិត្យក្រមវិនិច្ឆ័យជាទូទៅ គឺ ៖
-ទារកកើតមុនអាយុគភ៌ ២៨សប្តាហ៍។
-ទារកមានទម្ងន់ខ្លួនពេលកើត តិចជាង ១.០០០ក្រាម។
-ទារកមានប្រវែងដងខ្លួនពេលសម្រាល តិចជាង ៣៥ស.ម។
ស្ត្រីមានផ្ទៃពោះដែលមានបញ្ហារលូតកូន ភាគច្រើន បានមករកគ្រូពេទ្យ ដោយអាការធ្លាក់ឈាមតាមទ្វារមាស និងឈឺក្នុងពោះ ដោយអ្នកខ្លះអាចមិនបានដឹងថា ខ្លួនមាន ផ្ទៃពោះជាមុនផងក៏មាន ខណៈស្ត្រីប្រមាណ ១០-២៥% មានផ្ទៃពោះ និងមានការរលូតកូន ដោយមិនដឹងខ្លួន។
+ ការរលូតកូន បែងចែកជា ៧ក្រុម គឺ៖
១. ការរលូតដោយមានសញ្ញាគំរាម (Threaten Abortion)៖ ជាសភាពដែលមានធ្លាក់ឈាមតាមទ្វារមាស ប៉ុន្តែ មាត់ស្បូននៅមិនទាន់បើក ហើយទារកក្នុងផ្ទៃ ក៏នៅមាន ជីវិតនៅឡើយ ធ្វើឱ្យអាចរក្សាគភ៌ ឱ្យនៅគង់វង្ស រហូតដល់ គ្រប់កំណត់សម្រាលបាន។ ប៉ុន្តែ ក៏មានស្ត្រីមួយចំនួន អាច មានការរលូត មិនអាចចៀសវាង​បានតាម​ក្រោយ​ទៀត។
២. ការរលូតដោយមិនអាចចៀសវាងបាន (Inevitable Abortion)៖ ជាសភាពដែលស្ត្រីមានផ្ទៃពោះ ធ្លាក់ឈាម តាមទ្វារមាស ប៉ុន្តែ មិនទាន់មានទារក ឬបំណែកគភ៌ ចេញ​មក​ខាងក្រៅនៅឡើយ។ នៅពេលគ្រូពេទ្យពិនិត្យ ខាងក្នុង រកឃើញថា មានការបើកមាត់ស្បូន ហើយអ្នកខ្លះអាចមានបែកថង់ទឹកភ្លោះ រួមជាមួយផង ធ្វើឱ្យទារក មិនអាច​រស់រានមានជីវិតបន្តទៀត នៅក្នុងផ្ទៃស្បូនបាន បណ្តាលឱ្យមានការរលូតចេញមកក្រៅ យ៉ាងពិតប្រាកដ។
៣. ការរលូតមិនពេញលេញ (Incomplete Abortion)៖ ស្ត្រីមានផ្ទៃពោះ នឹងមករកគ្រូពេទ្យ ដោយអាការធ្លាក់ឈាមតាមទ្វារមាស និងឈឺពោះខ្លាំង ព្រមទាំងប្រាប់ថា មាន​ទារក ឬបំណែកសុក ធ្លាក់ចេញ មកក្រៅហើយ។ នៅពេលគ្រូពេទ្យពិនិត្យខាងក្នុង ឃើញថា មាត់ស្បូនបើក និងមានធ្លាក់ឈាមតាមមាត់ស្បូន ជារឿយៗ បង្ហាញឱ្យ​ឃើញ​ថា នៅមានបំណែកទារក ឬបំណែកសុកខ្លះ នៅសេសសល់ក្នុងស្បូន នៅឡើយ ចាំបាច់ត្រូវព្យាបាល ដោយការកោសស្បូន ដើម្បីយកបំណែកនៅសល់ ចេញមកឱ្យអស់។
៤. ការរលូតពេញលេញ (Incomplete Abortion)៖ ស្ត្រីមានផ្ទៃពោះ នឹងមកជួបគ្រូពេទ្យ ដោយអាការធ្លាក់ឈាម តាមទ្វារមាស និងមានទារក ឬបំណែកទារកធ្លាក់ចេញ មកក្រៅរួចហើយ បន្ទាប់មក ឈាមក៏ឈប់ហូរ។ ពេល ពិនិត្យខាងក្នុង គ្រូពេទ្យនឹងរកឃើញថា មាត់ស្បូន បានបិទវិញហើយ ចាត់ទុកជាការរលូតពេញលេញហើយ មិន- ចាំបាច់ត្រូវផ្តល់ការព្យាបាលអ្វីបន្ថែមទៀតទេ។
៥. ការរលូតជាអចិន្ត្រៃយ៍ (Habitual Abortion)៖ សំដៅដល់ស្ត្រីមានផ្ទៃពោះ ដែលមានការរលូតកូនជាប់ៗគ្នា តាំងពី៣ដងឡើងទៅ ចាំបាច់ត្រូវបានទទួលការពិនិត្យបន្ថែម ដើម្បីរកមូលហេតុនៃការរលូតកូន ដូចជា ភាពខុសប្រក្រតី នៃក្រូម៉ូសូម ឬភាពខុសប្រក្រតីនៃរចនាសម្ព័ន្ធបន្តពូជ ភេទស្ត្រី ដើម្បីបានទទួលការព្យាបាលដ៏សមស្រប និង បង្ការ​ការរលូតកូន នៅពេលមានផ្ទៃពោះលើកក្រោយៗទៀត។
៦. ការបញ្ចប់គភ៌ ដើម្បីជួយជីវិតម្តាយ (Therpevtic Abortion)៖ ជាការបញ្ចប់គភ៌ ដោយគ្រូពេទ្យ អាចធ្វើបាន តាមការកំណត់របស់ច្បាប់ គឺគភ៌ អាចមានគ្រោះថ្នាក់ចំពោះ សុខភាពរបស់ម្តាយ (ដូចជា ម្តាយឈឺជំងឺបេះដូងធ្ងន់ធ្ងរ បើមានគភ៌បន្តទៀត អាចមានគ្រោះថ្នាក់ដល់ជីវិត) ឬគភ៌ ដែលកើតឡើងដោយសារការចាប់រំលោភ។
៧. ការរំលូតកូនខុសច្បាប់(Criminal Abortion)៖ ជាការរំលូតកូន ដោយគ្រូពេទ្យ ឬមនុស្សទូទៅ ដោយពុំមានការកំណត់តាមច្បាប់។ ក្រោយពីរំលូតហើយ តែងតែ កើត​មាន​សភាពជ្រៀតជ្រែកច្រើន ដូចជា ឆ្លងមេរោគ ធ្លាក់ឈាម ធ្លុះស្បូន ជាដើម ដែលអ្នកខ្លះអាចធ្ងន់ធ្ងរ រហូតដល់ថ្នាក់បាត់បង់ជីវិតបាន។
+ អាការនៃការរំលូតកូន៖
បើស្ត្រីមានផ្ទៃពោះ មានអាការដូចខាងក្រោម គួរប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យមើលថា មានការរំលូតកូនកើតឡើងឬទេ ?
-មានធ្លាក់ឈាមស្រស់ៗ ឬសំបោរលាយឈាម ហូរ ចេញតាមទ្វារមាស។
-ឈឺចាប់ ឬឈឺធ្ងន់ៗនៅក្នុងពោះក្រោមផ្ចិត។
-បាត់អាការរបស់អ្នកមានផ្ទៃពោះ។
+ មូលហេតុ៖
ការរំលូតកូន មានច្រើនមូលហេតុ បែងចែកជា ២ ក្រុមធំៗ គឺ៖
១. មូលហេតុពីទារកក្នុងផ្ទៃ៖ តែងតែបញ្ចប់គភ៌ តាំងពីអាយុគភ៌ ៣ខែដំបូង ដូចជា ៖
-មានភាពខុសប្រក្រតីរបស់ក្រូម៉ូសូម អាចកើត មានភាពខុសប្រក្រតីនៅអូវុល ឬនៅមេរូបជីវិត ឬនៅក្នុង អំឡុងពេលដែលអំប៊្រីយ៉ុង កំពុងផ្តាច់ខ្លួន បង្កើនចំនួនកោសិកា។ ជាមូលហេតុនៃការរលូតកូន ដែលជួបញឹកញាប់បំផុត។
-មានការលូតលាស់របស់អំប៊្រីយ៉ុង ក្នុងផ្ទៃ ក្រោយ ពីបដិសន្ធិខុសប្រក្រតី ដូចជា ផ្ទៃពោះខ្យល់ (Blighted Ovum) មានតែថង់ផ្ទៃពោះ ប៉ុន្តែ អំប៊្រីយ៉ុង បានរួញស្វិត បាត់ទៅហើយ)។
២. មូលហេតុពីម្តាយ៖ តែងតែកើតមានការរលូតកូន ក្នុងអំឡុងពេលអាយុគភ៌ លើសពី៣ខែហើយ ដូចជា ៖
-ម្តាយឈឺរ៉ាំរ៉ៃ ធ្វើឱ្យសុខភាពមិនរឹងមាំ។
-មានការឆ្លងមេរោគធ្ងន់ធ្ងរ ក្នុងពេលមានគភ៌ ធ្វើឱ្យម្តាយមានគ្រុនក្តៅខ្ពស់ ដូចជា ឆ្លងមេរោគគ្រុនចាញ់ ឬ រលាកតម្រងនោម។ -ម្តាយបានទទួលសារធាតុអាហារមិនគ្រប់គ្រាន់។
-ម្តាយទទួលទានថ្នាំមួយចំនួន ដែលមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
-ម្តាយមានការដំណើរជីវិតមិនសមស្រប ដូចជា ជក់បារី ពិសាគ្រឿងស្រវឹង ឬកាហ្វេ ច្រើនជាង៤កែវ ក្នុង១ថ្ងៃ ការទទួលរងវិទ្យុសកម្ម ឬសារធាតុគីមី ជាដើម។ -ម្តាយមានបញ្ហាមាត់ស្បូនមិនរឹងមាំ។
-ម្តាយបានទទួលគ្រោះថ្នាក់ក្នុងពេលមានផ្ទៃពោះ។
+ ការវិនិច្ឆ័យជំងឺ៖
-ប្រវត្តិជំងឺ៖ អ្នកជំងឺ មកជួបគ្រូពេទ្យ ដោយអាការ ដូចពោលខាងលើ។
-ការពិនិត្យរាងកាយ៖ មានការពិនិត្យសំខាន់គឺ៖
+មើលសញ្ញាជីវិត៖ មើលថា សម្ពាធឈាមល្អឬទេ? មានគ្រុនក្តៅឬទេ ? (បើមានគ្រុនក្តៅ អាចធ្វើឱ្យសង្ស័យ លើការឆ្លងមេរោគនៅក្នុងផ្ទៃស្បូន ដែលតែងតែកើតឡើង បន្ទាប់ពីការរំលូតកូនខុសច្បាប់ ព្រោះខ្វះអនាម័យ)។
+ការពិនិត្យពោះ៖ មើលទំហំរបស់ស្បូន ដើម្បីប៉ាន់ប្រមាណអាយុគភ៌ និងមើលថា មានអាការឈឺពោះខ្លាំង ឬទេ ? និងមានអាការបង្ហាញដែលបញ្ជាក់ថា ត្រូវមានការ​វះ​កាត់ ជាបន្ទាន់ឬទេ ?
+ការពិនិត្យខាងក្នុង៖ មើលថា មានចេញឈាម តាមមាត់ស្បូនឬទេ ? មានបំណែកគភ៌ នៅក្នុងទ្វារមាស ឬជាប់នៅនឹងមាត់ស្បូន ឬទេ ? ពិនិត្យទំហំស្បូន ដើម្បី ប៉ាន់ប្រមាណអាយុគភ៌, ពេលសង្កត់ពោះ មានការឈឺស្បូន ឬទេ ? ដែលបញ្ជាក់ថា មានការរលាក ឬឆ្លងមេរោគ នៅស្បូន។
+ការពិនិត្យបន្ថែមនៅបន្ទប់ពិសោធន៍ ៖
ស្ត្រីមានផ្ទៃពោះ ដែលសង្ស័យថា មានការរលូតកូន តែងតែបានទទួលការពិនិត្យបន្ថែម តាមរយៈការឆ្លុះអេកូពោះ ឬពិនិត្យតាម- ទ្វារមាស ដើម្បីធ្វើការវាយតម្លៃថា នៅមានទារកនៅក្នុងផ្ទៃឬទេ ? បើរលូតចេញមកក្រៅហើយ តើបំណែកគភ៌ ចេញ មកខាងក្រៅអស់ឬនៅ ? ចាំបាច់ត្រូវបានទទួលការព្យាបាល ដោយការកោសស្បូន ទៀតឬទេ ?
+ សភាពគ្រោះថ្នាក់៖
ការរលូតកូន អាចធ្វើឱ្យមានគ្រោះថ្នាក់ផ្សេងៗ ដូចជា ៖
១. ការរលូតកូនដោយឯកឯង អាចបណ្តាលឱ្យ៖
-មានសភាពធ្លាក់ឈាមច្រើន រហូតដល់អ្នកជំងឺ មានសម្ពាធឈាមទាប ឬស្លេកស្លាំង។
-បើមានបំណែកគភ៌សេសសល់នៅក្នុងផ្ទៃស្បូន អាច ធ្វើឱ្យកើតមានការឆ្លងមេរោគក្នុងស្បូនបាន។
-ធ្វើឱ្យម្តាយ មានសភាពក្រៀមក្រំចិត្ត ពីការរលូតកូន ញឹកញាប់ មិនអាចមានកូនបានតាមសេចក្តីប្រាថ្នារបស់ខ្លួន។
២. ការរំលូតកូនខុសច្បាប់៖ ភាគច្រើនតែងតែធ្វើដោយបុគ្គលទូទៅ ដែលមិនមែនជាគ្រូពេទ្យ ធ្វើឱ្យការរំលូត មិនត្រឹមតែ មិនត្រូវតាមវិធីទេ តែបណ្តាលឱ្យមានសភាព គ្រោះ​ថ្នាក់​ផ្សេងៗជាញឹកញាប់ គឺ៖
-ធ្លាក់ឈាមច្រើន៖ ក្នុងករណីរំលូតហើយ ប៉ុន្តែ យកចេញមិនអស់។
-ធ្លុះស្បូន៖ ដោយសារការរំលូត មានការបញ្ចូល ឧបករណ៍ដែក ឬវត្ថុចម្លែក ទៅក្នុងស្បូន ដាក់មិនត្រូវទិស ឬដាក់ជ្រៅពេក អាចធ្វើឱ្យធ្លុះស្បូន បានដោយងាយ។ -ឆ្លងមេរោគក្នុងស្បូន៖ ឧបករណ៍ដែក ឬវត្ថុចម្លែក ដែលដាក់បញ្ចូលទៅក្នុងស្បូន ដែលប្រើក្នុងការរំលូត នោះ ភាគច្រើនពុំមានអនាម័យគ្រប់គ្រាន់ តាមកម្រិត- មាត្រដ្ឋាន បណ្តាលឱ្យអ្នកជំងឺ កើតមានការឆ្លងមេរោគ បានយ៉ាងងាយ ទាំងមេរោគបាក់តេរី និងមេរោគតេតាណូស។
+ ការព្យាបាល៖
ការព្យាបាលករណីរលូតកូន អាស្រ័យទៅលើប្រភេទ នៃការរលូតកូន គឺ៖
១. ការរលូត ដោយមានសញ្ញាគំរាម៖
បើពិនិត្យ អេកូហើយ រកឃើញថា៖
-ទារកក្នុងផ្ទៃមានជីវិត ៖ គ្រូពេទ្យ នឹងណែនាំឱ្យស្ត្រីមានផ្ទៃពោះ ត្រឡប់ទៅគេងសម្រាកឱ្យបានច្រើន មិនធ្វើការ ធ្ងន់ និងផ្អាកការរួមភេទ។ ស្ត្រីមានផ្ទៃពោះ មួយចំនួន មិន​ចាំបាច់ទទួលទានថ្នាំព្យាបាលអ្វី នឹងសះស្បើយទៅវិញ ដោយឯកឯង និងអាចមានផ្ទៃពោះ ជាបន្តទៀត រហូតដល់ គ្រប់កំណត់សម្រាលបាន ខណៈដែលស្ត្រីមាន​គភ៌​មួយ​ចំនួន នឹងកើតមានការរលូត មិនអាចចៀសវាងបានតាមក្រោយ ទោះបីជាខំថែទាំខ្លួនបានល្អយ៉ាងណាក្តី។
-ទារកក្នុងផ្ទៃ បេះដូងលែងដើរ៖ គ្រូពេទ្យ នឹងយក បំណែកគភ៌ ចេញពីផ្ទៃស្បូន ដោយការកោសស្បូន ឬដាក់ថ្នាំសុលតាមទ្វារមាស ជំរុញឱ្យមានការបើកមាត់ស្បូន និងមាន​ការ​កន្ត្រាក់ខ្លួនរបស់ស្បូន ដើម្បីបញ្ចេញបំណែកគភ៌ មកក្រៅ។
២. ការរលូតដោយមិនអាចចៀសវាងបាន និងការរលូត មិនពេញលេញ៖
មិនអាចរក្សាគភ៌ឱ្យនៅគង់វង្សបានទេ និង មានការប្រឈមនឹងការធ្លាក់ឈាមច្រើនទៀតផង។ ដូច្នេះ ត្រូវយកបំណែកគភ៌ចេញពីស្បូន ឱ្យអស់ ដោយការប្រើតង្កៀប ជួយ​កៀប​យកចេញពីស្បូន ឬប្រើឧបករណ៍ ចូលទៅកោសក្នុងផ្ទៃស្បូន។
៣. ការរលូតពេញលេញ៖
ត្រូវពិនិត្យបំណែកគភ៌ ថា ចេញមកអស់ឬនៅ? ឬអះអាងដោយការឆ្លុះអេកូ ថា ពុំមានបំណែកគភ៌ សេសសល់ក្នុងស្បូន។ ការព្យាបាល ធ្វើឡើងដោយការសង្កេតអាការ​ឈឺ​ពោះ និងការធ្លាក់ឈាម ខុសប្រក្រតី តាមទ្វារមាស ជាមុន បើមានធ្លាក់ឈាម បញ្ជាក់ថា នៅមានបំណែកគភ៌ សេសសល់ក្នុងស្បូន ចាំបាច់ ត្រូវទទួលការព្យាបាល ដូចការរ​លូត​​កូនមិនពេញលេញដែរ៕                   

0 comments

Post a Comment

Powered by Blogger.

Followers

Video Post