ថ្ងៃទី 18 ខែមេសា ឆ្នាំ2012, ម៉ោង 07:31 AM អង្គរធំ
ពន្លឺដែលភាយចេញពីកុំព្យូទ័រ អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបាន ប៉ុន្តែ មានវិធីអាចជួយ ការពារអ្នកបាន...។
១.ឈឺសាច់ដុំ ៖
កាំរស្មីចេញពីកុំព្យូទ័រ បានចូលទៅបំផ្លាញឆ្អឹង។ អ្នកដែលអង្គុយនៅមុខកញ្ចក់កុំព្យូទ័រ ក្នុងរយៈពេល យូររាប់ម៉ោង នឹងមានអារម្មណ៍ថា ឈឺភ្នែក ឈឺចុករួយដៃជើង ដើមក។
ដូច្នេះ ត្រូវបង្កើនភាពរឹងមាំដល់ ឆ្អឹង ដោយពិសាទឹកដោះគោ ត្រីតូចៗ បន្លែផ្ទី និងថ្លើមសត្វ ដើម្បីឱ្យសព៌ាង្គកាយ បានទទួលកាល់ស្យូម បន្ថែម។ ថែមពីលើនេះ ក៏ត្រូវទទួលទានបាយអង្ករសំរូប គ្រាប់ផ្កាឈូករ័ត្ន សណ្តែក និងគ្រាប់ធញ្ញជាតិ ផ្សេងៗទៀត ដើម្បីឱ្យជាតិម៉ាញេស្យូម ដែលមាននៅក្នុងចំណីអាហារ និងគ្រាប់ធញ្ញជាតិទាំងនេះ ជួយ ឱ្យសាច់ដុំមានភាពធូរស្រាលឡើងវិញ។
២.ស្រវាំងភ្នែក ៖
អ្នកដែលអង្គុយធ្វើការជាមួយកុំព្យូទ័រ ច្រើន-ជាង៣ម៉ោង ក្នុង១ថ្ងៃ អាចធ្វើឱ្យភ្នែកឆាប់មីញ៉ូប។ ដូច្នេះ អ្នកអាចការពារទុកជាមុនបាន ដោយបរិភោគ បន្លែខាត់ណា ម្ទេសប្លោក ដំឡូងជ្វា ស្លឹកព្រិច (បន្លែ- ផ្អែម) ស្លឹកបាស ដែលសម្បូរសារធាតុលូតេអ៊ីន (Lutein) និងស៊ីសានធីន (Zeaxanthin) ជាសារធាតុអាហារបំប៉នភ្នែក។ អ្នកក៏គួរទទួលទានការ៉ុត ស្ពៃ ល្ពៅ ជាប្រចាំផងដែរ ព្រោះបន្លែទាំងនេះ មាន សារធាតុបេតាខារ៉ូទីនច្រើន ជួយបំប៉ន និងទ្រទ្រង់ ភ្នែក បានយ៉ាងល្អប្រសើរ។
៣.កើតស្នាមជ្រួញនៅចុងភ្នែក ៖
ពន្លឺដែលចាំងចេញពីកុំព្យូទ័រ អាចជ្រៀតចូល ទៅបំផ្លាញភាពយឺតរបស់ស្បែក ធ្វើឱ្យរន្ធរោម នៅ លើស្បែក កាន់តែរីកធំៗទៅ មានស្នាមផ្នត់ នៅចុង ភ្នែក ថែមទាំងជំរុញឱ្យកើតជារោគមុន ទៀតផង។
ដូច្នេះ ដើម្បីការពារស្បែកមុខ កុំឱ្យឆាប់ជ្រីវជ្រួញ អ្នកគួរតែទទួលទានការ៉ុត ក្រូចពោធិ៍សាត់ ល្ពៅ និងបន្លែ ផ្លែឈើស្រស់ៗ ឱ្យបានច្រើន និង ញឹកញាប់ ព្រោះបន្លែ និងផ្លែឈើទាំងនេះ ក្រៅពី មានសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ការពារមិនឱ្យ កើតស្នាមជ្រីវជ្រួញ វាថែមទាំងជួយបំប៉នស្បែកមុខ ឱ្យស្រស់ស្អាតថែមមួយកម្រិតទៀតផង៕
0 comments