ថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ2011, ម៉ោង 02:28 PM

វិធីស្ងោរស៊ុតជ័រព្នៅ ៖ គួរដាក់ស៊ុតក្នុងឆ្នាំង តាំងពីនៅទឹកត្រជាក់ រួចលើកយកទៅដាក់លើភ្លើង កំណត់ពេលត្រឹម ១០នាទី រាប់ចាប់តាំងពីចាប់ផ្តើមដាក់លើភ្លើង រួចដួសស៊ុតចេញមកត្រាំទឹកត្រជាក់ នោះអ្នកនឹងបានស៊ុតសឆ្អិន និងស៊ុតក្រហម នៅជ័រព្នៅ មិនខាន។
វិធីចៀនស៊ុតទាំងមូលឱ្យឆ្ងាញ់ ៖ គួរប្រើស៊ុតទា ប្រសើរជាងស៊ុតមាន់ ដោយទុកឱ្យខ្លាញ់ក្តៅសិន សឹមគោះស៊ុតទាចូល ចៀនតែមួយចំហៀង ដោយមិនត្រឡប់ស៊ុត គ្រាន់តែព្យាយាមដួសខ្លាញ់ក្តៅ មកស្រោចពីលើស៊ុត នឹងបានស៊ុតចៀនដែលឆ្ងាញ់ គួរឱ្យចង់ទទួលទាន។
វិធីចំហុយស៊ុតឱ្យឆ្ងាញ់ ៖ គួ រមានទឹកស៊ុប ប្រមាណ ២-៣ស្លាបព្រាបាយ ចំពោះស៊ុត ១-២គ្រាប់ ប្រើទឹកផ្សំគ្រឿង ឬទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ ច្រូចទឹកថែមបន្តិច វាយឱ្យចូលគ្នា យកទៅចំហុយ ១០-១៥នាទី ឬបើចង់ប្តូររសជាតិ អាចប្រើទឹកបាយ ឬទឹកដោះគោសាប ឬទឹកសណ្តែក (មិនដាក់ស្ករ) ជំនួសទឹក នឹងបានរសជាតិប្លែកមាត់មិនខាន។
វិធីចៀនស៊ុតឱ្យប៉ោងស្អាត ៖ គោះស៊ុតចូលចាន ផ្សំគ្រឿងតាមចំណូលចិត្ត រួចច្របាច់ក្រូចឆ្មារចូលទៅ ២-៣តំណក់ វាយឱ្យចូលគ្នា រួចយកទៅចៀនក្នុងខ្ទះដែលមានខ្លាញ់កំពុងក្តៅ នឹងបានស៊ុតចៀនដែលប៉ោង និងទន់ គួរឱ្យចង់ទទួលទានមិនខាន៕
0 comments